ផ្សាយពាណិជ្ជកម្ម
គេហទំព័រ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ក្ដៅៗ
កំពុងទាញយកព័ត៌មានថ្មីៗ...

បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូល ពិនិត្យលទ្ធភាពកសាងប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ ពីសាលារៀនឆ្ពោះទៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាព

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំសហការី បានអញ្ជើញជួបប្រជុំត្រីភាគីជាមួយបណ្ឌិត កុយ វ៉ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងលោកសាស្ត្រាចារ្យ មូយ៉ុងហាន ពីសាកលវិទ្យាល័យជាតិសេអ៊ូល នៅឯទីស្ដីការក្រសួងសុខាភិបាល។ ក្នុងគោលបំណងស្វែងរកលទ្ធភាពកិច្ចសហប្រតិបត្តិការលើកកម្ពស់សុខភាពសាធារណៈ និងសន្តិសុខទឹកនៅកម្ពុជា តាមរយៈការអនុវត្តគម្រោងរៀបចំប្រព័ន្ធប្រមូលទឹកភ្លៀងនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព។

នៅក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត យង់ ពៅ បានលើកឡើងនូវគោលដៅសំខាន់ៗ ដូចជាការកំណត់គោលដៅសម្រាប់គម្រោងសាកល្បង, កំណត់លក្ខណៈវិនិច្ឆ័យនិងសមាសភាពទំនាក់ទំនងរវាងភាគីពាក់ព័ន្ធ, ពិភាក្សាពីស្តង់ដាគុណភាពទឹក, ទម្រង់និងលិខិតបទដ្ឋានគាំទ្រការអនុគម្រោង និងជំហាននៃការអនុវត្តដើម្បីឈានដល់ការសម្រេចបាននូវគម្រោងសាងសង់ប្រព័ន្ធប្រមូលទឹកភ្លៀងនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានានៅកម្ពុជា។

ជាមួយគ្នានេះដែរ សាស្តា្រចារ្យ មូយ៉ុង ហាន បានធ្វើបទឧទ្ទេសនាមអំពី «ដំណើរកសាងប្រព័ន្ធប្រមូលទឹកភ្លៀង ពីសាលារៀន ឆ្ពោះទៅកាន់មន្ទីរពេទ្យនិងមណ្ឌលសុខភាព» ហើយបានលើកឡើងពីលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតផ្អែកលើប្រភពទឹកភ្លៀង ដើម្បីធានានូវសន្តិសុខទឹក និងការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋនិងសហគមន៍។

លោកបណ្ឌិត កុយ វ៉ាន់នី សម្ដែងការស្វាគមន៍ និងគិតគូរពីសំណើដែលបានលើកឡើងរបស់បណ្ឌិត យង់ ពៅ និងសាស្ត្រាចារ្យ មូយ៉ុង ហានចំពោះការលើកឡើង ព្រោះការផ្ដល់ទឹកស្អាតជាអទិភាពមួយដែលមានសារៈសំខាន់សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋ ហើយក្រសួងនឹងបន្តធ្វើកិច្ចការនេះជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញផ្នែកទឹកពីសាកលវិទ្យាល័យជាតិសេអ៊ូល។ ជាមួយគ្នានេះ ការលើកឡើងពីការអនុវត្តគម្រោងសាលារៀនទឹកភ្លៀងរបស់រាជបណ្ឌិត្យសភាកម្ពុជាកន្លងមក ជាការអនុវត្តផ្ដល់សារៈសំខាន់ដល់ការផ្ដួចផ្ដើមការសង់ប្រព័ន្ធប្រមូលទឹកភ្លៀងនៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាព។

សូមបញ្ជាក់ដែរថា កន្លងមកនេះរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការជាមួយអ្នកជំនាញផ្នែកទឹក ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងអប់រំ យុវជន និងកីឡា បានកំពុងអនុវត្តគម្រោងសាលារៀនទឹកភ្លៀង ចំនួន១១កន្លែង ដោយមានការគាំទ្រថវិកា ពីមូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េ (MKCF)។ គំនិតផ្ដួចផ្ដើមនេះមិនត្រឹមតែពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធផ្ដល់ទឹកស្អាតប៉ុណ្ណោះទេ វាបានកំពុងពង្រឹងកិច្ចសហការអន្តរជាតិ ហើយរាជបណ្ឌិត្យសភាកម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនៃសមាគមទឹកអន្តរជាតិ (IWA) លើកទី៤ និងបានក្លាយជាសមាជិក AASSA ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព (SDG 6.1)៕