តាកែវ ៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០នាទីព្រឹក ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួម និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការកាត់ខ្សែបូ និងរត់ប្រណាំងអមដំណើរប្រជាពលរដ្ឋ កីឡាករ កីឡាការនី ក្នុងពិធីរត់ប្រណាំងរយៈចម្ងាយ ១០គីឡូម៉ែត្រ សម្រាប់មហាជន ដែលរៀបចំឡើងយ៉ាងសប្បាយរីករាយ ដើម្បីអបអរសាទរបុណ្យអុំទូក បែកអំបោស និងសំពះព្រះខែ អកអំបុក នៅមាត់បឹងតាកែវ ក្រុងដូនកែវ។
កម្មវិធីរត់ប្រណាំងដ៏មានអត្ថន័យនេះ បានចាប់ផ្តើមចេញដំណើរពីគោលដៅដើមនៅមាត់បឹងតាកែវ ក្បែររូបសំណាកបង្កងយក្ស ដោយរត់តាមបណ្តោយផ្លូវមាត់បឹង ឆ្ពោះទៅកាន់ចំណុចរង្វង់មូលអូរចំបក់ បត់ឆ្ពោះមកតាមរង្វង់មូលវិមានឯករាជ្យ និងត្រឡប់មកជួបជុំគ្នាវិញនៅចំណុចគោលដៅដើម (មាត់បឹងតាកែវ) វិញ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍គូសបញ្ជាក់ថា ការរៀបចំកម្មវិធីរត់ប្រណាំងរយៈចម្ងាយ ១០គីឡូម៉ែត្រនាពេលនេះ មិនត្រឹមតែជាការចូលរួមអបអរសាទរដល់ពិធីបុណ្យអុំទូកប្រពៃណីជាតិយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធនាការដ៏មានសារៈសំខាន់ក្នុងការលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជន ងាកមកស្រឡាញ់ការហាត់ប្រាណដើម្បីសុខភាពមាំមួន និងបង្កើតបរិយាកាសសប្បាយរីករាយ សាមគ្គីភាព មិត្តភាព ក្នុងឱកាសបុណ្យជាតិដ៏ធំនេះ។
ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំកម្មវិធី កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ ដែលបានខិតខំធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនដល់កីឡាករ កីឡាការនី ក៏ដូចជាប្រជាពលរដ្ឋអ្នកគាំទ្រយ៉ាងល្អប្រសើរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមថែរក្សាសន្និសុខ សុវត្ថិភាព និងអនាម័យបរិស្ថានក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យអុំទូកនៅបឹងតាកែវនេះ ឱ្យបានល្អប្រសើរ ដើម្បីបង្ហាញពីភាពស្រស់បំព្រង និងសោភ័ណភាពក្រុងទេសចរណ៍គ្មានផ្សែងបារីរបស់យើង។
ជាចុងក្រោយ ឯកឧត្តម វ៉ី សំណាង បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយ និងជូនពានរង្វាន់ដល់កីឡាករ កីឡាការនី ដែលទទួលបានជ័យលាភីព្រមទាំងបានចែកជូននូវក្រម៉ាខ្មែរយ៉ាងស្រស់ស្អាតជូនដល់កីឡាករ កីឡាការនី និងមហាជនដែលបានចូលរួមរត់ទាំងអស់ ដើម្បីទុកជាអនុស្សាវរីយ៍ដ៏មាន តម្លៃក្នុងព្រឹត្តិការណ៍នេះ ៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ










