”រតនគិរី៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកនាំប្រតិភូនគរបាលជាច្រើនរូប ដោយក្នុងនោះមានលោកស្នងការរង នាយការិយាល័យជំនាញពាក់ព័ន្ធ ដើម្បី “ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោកឧត្តមសេនីយ៍ត្រី ហូ សុងអិន ស្នងការនគរបាលខេត្តក្វាងង៉ាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម” ព្រមទាំងប្រតិភូអមដំណើរ ក្នុងជំនួបសួរសុខទុក្ខផ្លាស់ប្ដូរព័ត៌មាននិងអបអរសាទរក្នុងឱកាសបុណ្យឯករាជ្យជាតិកម្ពុជា ដែលប្រារព្ធធ្វើនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងស្មារតីសាមគ្គីភាពយ៉ាងជិតស្និតក្នុងនាមជាមិត្តប្រទេសជិតខាងនិងបានផ្លាស់ប្តូរពត៌មាន នៃកិច្ចសហប្រតិបត្តិការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពនៃខេត្តជិតខាងទាំងពីរ ដើម្បីឱ្យមានភាពល្អប្រសើរថែមទៀត។
ឆ្លៀតឱកាសនេះប្រធានប្រតិភូក៏ដូចជាក្រុមប្រតិភូរបស់ខេត្តក្វាងង៉ាយ ក៏បានអបអរសារទជូនពរដល់ភាគីខេត្តរតនគិរី ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ដែលខិតជិតមកដល់ឆាប់ៗនេះ។ ការទទួលបដិសណ្ឋារកិច្ចនេះ ប្រកបដោយបរិយាកាសរីករាយ និងបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅចុងបញ្ចប់កម្មវិធីក៏មានការជូនវត្ថុអនុស្សាវរីយ៍ ថតរូបទុកជាអនុស្សាវរីយ៍និងពិសារអាហារសាមគ្គីផងដែរ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី










