ផ្សាយពាណិជ្ជកម្ម
គេហទំព័រ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ក្ដៅៗ
កំពុងទាញយកព័ត៌មានថ្មីៗ...

សាលាបឋមសិក្សាត្រពាំងវែង ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ដោយបង្ហាញពីវឌ្ឍនភាពអប់រំគួរឲ្យកត់សម្គាល់

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលាបឋមសិក្សាត្រពាំងវែង ស្ថិតក្នុងភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ យ៉ាងមហោឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ 

*ឯកឧត្តម ថុល ឡាលីន* ប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានភូមិត្រពាំងស្លា និងមានការអញ្ជើញចូលរួមពីព្រះតេជគុណព្រះចៅធិការវត្តត្រពាំងវែង ព្រះសង្ឃគ្រប់ព្រះអង្គ លោកមេឃុំស្តីទី លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល លោកប្រធានសហគមន៍គ្រប់គ្រងសាលារៀន លោកមេភូមិទាំងអស់ លោកនាយករង លោកគ្រូ-អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប។

ក្នុងឱកាសនោះ លោកនាយកសាលា បានថ្លែងរបាយការណ៍ស្វាគមន៍ និងរាយការណ៍អំពីស្ថានភាពទូទៅរបស់សាលា ព្រមទាំងលទ្ធផលការងារអប់រំក្នុងឆ្នាំសិក្សា ២០២៥-២០២៦ កន្លងទៅ។

*ស្ថានភាពទូទៅរបស់សាលា*

សាលាបឋមសិក្សាត្រពាំងវែង មានផ្ទៃដីសរុប ៧,៦១៩ ម៉ែត្រការេ មានព្រំប្រទល់ខាងកើតជាប់ផ្លូវចូលវត្តត្រពាំងវែង ខាងលិច និងខាងត្បូងជាប់ផ្លូវបេតុងប្រឡាយមេ៦១ និងខាងជើងជាប់របងវត្ត។ សាលាបានបម្រើសេវាអប់រំដល់ភូមិចំនួន ៦ រួមមាន ភូមិត្រពាំងស្លា ភូមិព្រៃល្វា ភូមិបឹងក្រាមខាងជើង ភូមិបឹងត្រាមខាងត្បូង ភូមិដុតកំបោរ និងភូមិសាយ៉ាវ។ សាលាមានអគារសិក្សា ៣ ខ្នង ១៥ បន្ទប់ និងបង្គន់អនាម័យ ២ ខ្នង ៨ បន្ទប់ ដែលបែងចែកសម្រាប់សិស្សប្រុស សិស្សស្រី និងជនពិការ ព្រមទាំងលោកគ្រូ-អ្នកគ្រូ។

ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សាលាមានសិស្សចូលរៀនសរុប ៤៦៧ នាក់ ក្នុងនោះកុមារី ២២៩ នាក់ បែងចែកជា ១០ កម្រិតថ្នាក់ ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦។ សិស្សថ្នាក់មត្តេយ្យមាន ៤៥ នាក់ (ស្រី ២១ នាក់) សិស្សថ្នាក់បឋមមាន ៤២២ នាក់ (ស្រី ២០៨ នាក់) និងសិស្សមត្តេយ្យសហគមន៍មាន ៤៦ នាក់។ សាលាមានបុគ្គលិកសិក្សាចំនួន ១៤ នាក់ ក្នុងនោះស្រី ០៧ នាក់។

*លទ្ធផលការងារអប់រំ*

សាលាបានអនុវត្តស្តង់ដាសាលាបឋមសិក្សាគំរូចំនួន ៥ ដែលរួមមាន៖

១. លទ្ធផលសិក្សារបស់សិស្ស

២. ការបង្រៀន និងការរៀន

៣. ការចូលរួមរបស់សហគមន៍

៤. ដំណើរការប្រតិបត្តិការ និងរដ្ឋបាលសាលារៀន

៥. គណនេយ្យភាពរបស់សាលារៀន

លទ្ធផលសម្រេចបានរួមមាន អត្រាពិតនៃការចូលរៀនថ្មី ៩០.០% អត្រារួមនៃការចូលរៀនថ្មី ៩៥.៤៧% អត្រាពិតនៃការសិក្សា ៨៩.១៩% និងអត្រារួមនៃការសិក្សា ៩០.០%។ សិស្សជាប់មធ្យមភាគសរុបចំនួន ៣៧០ នាក់ ស្មើនឹង ៨៧.៦៨% (ស្រី ១៧៤ នាក់ ស្មើ ៩៣.០៥%) ធ្លាក់មធ្យមភាគសរុបចំនួន ៤៩ នាក់ ស្មើនឹង ១១.៦៧% (ស្រី ១៣ នាក់ ស្មើ ៦.៩៥%) និងសិស្សបោះបង់ការសិក្សាសរុបចំនួន ៣ នាក់ ស្មើនឹង ០.៧១%។

*សកម្មភាពដែលបានអនុវត្ត និងភាពរីកចម្រើន*

ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សាលាបានអនុវត្តការងារសំខាន់ៗជាច្រើន រួមមាន៖

- ប្រជុំបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន និងគណៈកម្មការថ្នាក់រៀន (គ.គ.ថ)

- បែងចែកលោកគ្រូ-អ្នកគ្រូចុះស្រង់ស្ថិតិកុមារតាមផែនទីសិក្សាខ្នងផ្ទះ

- ធ្វើយុទ្ធនាការប្រមូលកុមារដល់វ័យសិក្សាឱ្យមកចុះឈ្មោះចូលរៀនគ្រប់ៗគ្នា

- ពង្រឹងគុណភាពសិក្សាតាមរយៈការជំរុញឱ្យលោកគ្រូ-អ្នកគ្រូធ្វើកិច្ចតែងការបង្រៀន ផលិតសម្ភារឧបទេស ការចុះអធិការកិច្ចថ្នាក់រៀន និងការធ្វើថ្នាក់និទស្សន៍

- បង្កើនទំនាក់ទំនងរវាងលោកគ្រូ-អ្នកគ្រូ និងមាតាបិតាសិស្ស តាមរយៈសៀវភៅតាមដានការសិក្សា សៀវភៅទំនាក់ទំនង និងការប្រជុំតាមតេឡេក្រាម ឬឆាត

- ពង្រឹងការតាមដានវត្តមានសិស្សជាប្រចាំ

- ជំរុញលោកគ្រូ-អ្នកគ្រូឱ្យយកចិត្តទុកដាក់លើសិស្សរៀនយឺត ដោយជួយសិស្សស្របពេលសិក្សា

- បន្តរៀបចំ និងកែលម្អបរិស្ថានសាលារៀនឱ្យមានសោភ័ណភាព ដូចជាធ្វើសួនច្បារ ចាក់ដីបំពេញថ្លុក និងកន្លែងលិចទឹកក្នុងបរិវេណសាលា

*បញ្ហាប្រឈម*

ទន្ទឹមនឹងភាពរីកចម្រើន សាលាក៏ប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា៖ អត្រាអវត្តមានសិស្សនៅមានកម្រិតខ្ពស់ អត្រាត្រួតថ្នាក់នៅមានកម្រិតខ្ពស់ អត្រាបោះបង់ការសិក្សាមានចំនួនច្រើន ឪពុកម្តាយសិស្សរៀនយឺតមួយចំនួនមិនជំរុញ និងតាមដានការសិក្សារបស់កូន កុមារមួយចំនួនដល់វ័យសិក្សានៅក្រៅសាលា សាលារៀនពុំមានរបងការពារ និងពិបាកក្នុងការការពារសុខសុវត្ថិភាពសិស្សពេលចេញលេង ដែលធ្វើឱ្យជនខិលខូចចេញចូលបានដោយសេរី ព្រមទាំងគ្រឿងសង្ហារឹមមួយចំនួនត្រូវបានវាយកម្ទេចចោល ដូចជាទ្វារបង្គន់ និងចានបង្គន់។ ដីសាលានៅទាប ដែលធ្វើឱ្យលិចទឹកពេលមានភ្លៀងធ្លាក់ ហើយបរិស្ថានសាលារៀនមិនទាន់មានសោភ័ណភាពនៅឡើយ។

*ទិសដៅសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧*

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ សាលាមានផែនការបន្តសំខាន់ៗរួមមាន៖

- បង្កើតគណៈកម្មការថ្នាក់រៀនឱ្យបានគ្រប់កម្រិតថ្នាក់ ដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងគ្រូប្រចាំថ្នាក់ និងអាណាព្យាបាលសិស្ស

- ធ្វើកំណែទម្រង់ការបង្រៀន និងរៀន ដោយបង្កើនអត្រាជាប់មធ្យមភាគរបស់សិស្សឱ្យបាន ៩៥% ប្រកបដោយគុណភាព

- កាត់បន្ថយអត្រាត្រួតថ្នាក់ឱ្យនៅក្រោម ៥%

- កាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សាឱ្យនៅទាបបំផុត

- ពង្រឹងគុណភាពបង្រៀន និងរៀន ជំរុញសិស្សឱ្យចូលរៀនទៀងទាត់ និងគោរពវិន័យ

- លើកកម្ពស់អនាម័យ បរិស្ថានស្អាត និងសុវត្ថិភាពក្នុងសាលា

- ពង្រឹងកិច្ចសហការរវាងសាលា មាតាបិតា អាណាព្យាបាល សហគមន៍ និងអាជ្ញាធរដែនដី

- យកចិត្តទុកដាក់លើការអប់រំសីលធម៌ សុជីវធម៌ និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ

- រៀបចំកន្លែងចំណត់ដាក់កង់ ម៉ូតូ របស់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ

- រៀបចំក្រាលការ៉ូឡាខាងកើត និងខាងលិចដងទង់ជាតិ ដើម្បីឱ្យសិស្សឈរគោរពទង់ជាតិបានត្រង់ស្អាតល្អ

- បំពាក់សម្ភារឌីជីថល ដូចជា Internet, Smart TV និងស្លាយ នៅតាមថ្នាក់គ្រប់កម្រិត

- ដាំកូនឈើបន្ថែម ដើម្បីបានជាម្លប់ដល់សិស្សពេលចេញលេង

- បន្តកែលម្អបរិស្ថានសាលារៀនឱ្យមានសោភ័ណភាព ក្លាយជាទីមេត្រីរបស់សិស្ស និងមហាជនគ្រប់រូប

*សំណូមពរ*

លោកនាយកសាលា បានសំណូមពរដល់អាណាព្យាបាលសិស្សទាំងអស់ សូមបញ្ជូនកូនដែលគ្រប់វ័យសិក្សាមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់គ្នា ជួយជំរុញកូនឱ្យមករៀនឱ្យបានទៀងទាត់ តាមដានការសិក្សារបស់កូនជាប្រចាំ និងធ្វើការទំនាក់ទំនងមកគ្រូប្រចាំថ្នាក់ពេលកូនអវត្តមាន។ សូមអាណាព្យាបាលជួយទិញសៀវភៅហ្វឹកហាត់កិច្ចការផ្ទះភាសាខ្មែរថ្នាក់ទី៣ និងសៀវភៅកូនស្វាឆ្លាតសម្រាប់រៀននៅផ្ទះពីថ្នាក់ទី១ ដល់ទី៣ ឱ្យបានគ្រប់ៗគ្នា។ 

សូមជំរុញកូនៗឱ្យមករៀនបន្ថែមម៉ោង ២ ម៉ោងក្នុងមួយសប្តាហ៍ពេលរសៀល ដោយប្រើពាក្យថា «គ្រូជួយសិស្ស សិស្សជួយគ្រូ»។ សូមផ្តល់ទូរស័ព្ទដៃមកកូនៗនៅពេលមានការប្រឡងប្រចាំខែ ឆមាសទី១ ឆមាសទី២ និងដំណាច់ឆ្នាំសិក្សា ដោយប្រឡងតាមប្រព័ន្ធថ្នាលបឋម PLP គ្រប់កម្រិតថ្នាក់ដើម្បីរកនិទ្ទេស (A, C, D, E, F)។ សូមអាណាព្យាបាលចូលរួមគ្រប់សកម្មភាពរបស់សាលា និងការប្រជុំផ្សព្វផ្សាយលទ្ធផលការសិក្សាប្រចាំខែ ឆមាស និងប្រចាំឆ្នាំ។

លោកនាយកសាលា ក៏បានសំណូមពរដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ សហគមន៍ឃុំវិញសាលា មាតាបិតាសិស្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមជួយឧបត្ថម្ភថវិកាសម្រាប់ក្រាលការ៉ូឡាខាងកើត និងខាងលចងទង់ជាតិ ដើម្បីកែលម្អបរិស្ថានសាលារៀនជាទីមេត្រីរបស់កុមារ។

ជាទីបញ្ចប់ លោកនាយកសាលា បានប្រគេនពរ និងជូនពរដល់គណៈអធិបតី លោក លោកស្រី លោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សទាំងអស់ សូមទទួលបានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទ បងថូ