(ប៉េកាំង)៖ សារព័ត៌មានធំមួយរបស់ចិននៅថ្ងៃអង្គារនេះបានឲ្យដឹងថា ខាងយោធាចិនមានកងទ័ពរបួស ឬអាចបាត់បង់ជីវិតផងដែរ ក្នុងការផ្ទុះជម្លោះព្រំដែន មួយប្រាវជាមួយយោធាឥណ្ឌា បន្ទាប់ពីកងទ័ពឥណ្ឌាបានអះអាងថា ខាងយោធាខ្លួនបានស្លាប់ ០៣នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។ លោក ហ៊ូ ស៊ីជីន (Hu Xijin) ដែលជានិពន្ធនាយករបស់សារព័ត៌មានចិន Global Times បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមយ៉ាងដូច្នេះថា «យោងតាមអ្វីដែលខ្ញុំដឹង គឺខាងយោធាចិនក៏មានកងទ័ពរងគ្រោះថ្នាក់ ក្នុងការប៉ះទង្គិចគ្នាជាមួយឥណ្ឌានៅជ្រលងភ្នំ ហ្គាល់វ៉ាន (Galwan) នៃតំបន់ជួរភ្នំហិម៉ាល័យផងដែរ»។ ប៉ុន្តែលោក Hu មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។ ដោយឡែកនៅមុននេះបន្តិចខាងយោធាឥណ្ឌាក៏ប្រកាសថា កងទ័ពខ្លួនចំនួន ០៣នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ ប៉ុន្តែមិនបានបញ្ជាក់ឲ្យច្បាស់លាស់ថា ខាងយោធាចិនមានអ្នករងរបួស ឬស្លាប់ដែរឬក៏អត់ឡើយ។ គួរបញ្ជាក់ថា ភាពតានតឹងបានបន្តកើនឡើងនៅតំបន់ជួរភ្នំហិម៉ាល័យ តាមបណ្តោយព្រំដែនគោកដ៏វែងបំផុតមួយនៅលើលោក ចាប់តាំងពីខែមុនមក ដោយទីក្រុងញូដេលី និងទីក្រុងប៉េកាំងបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបំពានខ្សែបន្ទាត់គ្រប់គ្រងជួរមុខ LAC (Line of Actual Control) ដែលខណ្ឌចែកប្រទេសទាំងពីរ។ តំបន់ខ្សែបន្ទាត់ព្រំដែន គឺមានបញ្ហាជម្លោះយ៉ាងអូសបន្លាយជាយូរណាស់មកហើយ ហើយបានបង្កឲ្យមាន ការប៉ះទង្គិចគ្នាតិចតួចដោយអាវុធ និងជម្លោះការទូតជាបន្តបន្ទាប់រហូតមក ចាប់តាំងតែពីប្រទេសជិតខាងទាំងពីរ បានប្រយុទ្ធបង្ហូរឈាមគ្នាកាលពីឆ្នាំ១៩៦២៕
Tuesday, June 16, 2020
news friends



0 Comments:
Post a Comment